បើយើងពិនិត្យមើលក្រាបដែលបង្ហាញអំពីថ្លៃតម្លើងទូរស័ព្ទខាងលើនេះ យើងសង្កេតឃើញថា Apple បានចំណាយទឹកប្រាក់តម្លើង iPhone 6 ច្រើនជាងគេ ប្រមាណ 228 ដុល្លារក្នុងមួយគ្រឿង។ ចំណែកឯ Samsung វិញ Galaxy S5 គឺជាទូរស័ព្ទដែលតម្លើងអស់ទឹកប្រាក់ច្រើនជាងគេប្រមាណ 215.44 ដុល្លារ។
ទូរស័ព្ទ iPhone 6 មួយគ្រឿងចំណាយថ្លៃតម្លើងត្រឹម 230 ដុល្លារតែប៉ុណ្ណោះ ប៉ុន្តែវាលក់ចេញបានក្នុងតម្លៃរហូតដល់ 649 ដុល្លារឯណោះ ច្រើនជាងមុន 280 ភាគរយ។ Apple ហាក់បីដូចជារកចំណូលបានច្រើនក្រាស់ក្រែលណាស់ ពីការលក់ទូរស័ព្ទ iPhone ប៉ុន្តែយើងមិនអាចធ្វើការតវ៉ាអ្វីបាននោះទេ ដោយសារតែនេះគឺជាជំនួញ។ ជំនួញគឺត្រូវតែមានចំណេញអញ្ជឹងហើយ។ តម្លៃរបស់ iPhone អាចនឹងបន្តកើនឡើងទៅមុខទៀតនៅថ្ងៃមុខនេះ ហើយមានតែអ្នកប្រើប្រាស់ទេ ដែលអាចបញ្ជាអោយតម្លៃវាធ្លាក់ចុះបាន តាមរយៈកាត់បន្ថយចំណង់ប្រើប្រាស់។
យ៉ាងណាមិញ តម្លៃនេះនៅមិនទាន់រាប់បញ្ចូលនូវថ្លៃបុគ្គលិក ថ្លៃពាណិជ្ជកម្ម និងថ្លៃចំណាយទៅលើការសិក្សាស្រាវជ្រាវនោះទេ។ ទាំង Apple និង Samsung បានចំណាយទឹកប្រាក់រាប់ពាន់លានដុល្លាររៀងរាល់ឆ្នាំទៅលើការសិក្សាស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗមកបំពាក់លើឧបករណ៍របស់ខ្លួន ដែលជាហេតុធ្វើអោយតម្លៃកំពូលទូរស័ព្ទរបស់វាស្ថិតនៅខ្ពស់ជាងក្រុមហ៊ុនផលិតទូរស័ព្ទដទៃ។ បើក្រឡេកទៅមើលពពួកទូរស័ព្ទផលិតនៅចិនវិញ ពួកវាសុទ្ធតែមានតម្លៃថោកសមរម្យបំផុត នេះក៏ដោយសារតែក្រុមហ៊ុនទាំងនោះចំណាយលុយទិញលើថ្លៃគ្រឿងផ្សំ ថ្លៃកម្មករតិចតួច ហើយក៏មិនសូវចំណាយទៅលើផ្នែកសិក្សាស្រាវជ្រាវ និងពាណិជ្ជកម្មផងដែរ។
សរុបសេចក្តីមក មុននឹងសម្រេចចិត្តជ្រើសរើសទិញទូរស័ព្ទមួយ អ្នកគួរតែធ្វើការសិក្សាអំពីវាអោយបានច្បាស់ មិនត្រឹមតែលក្ខណៈសម្បត្តិរបស់វានោះទេ ប៉ុន្តែក៏គប្បីដឹងអំពីថ្លៃដើមក្នុងការផលិតរបស់វាអោយបានច្រើនផងដែរ។ ទូរស័ព្ទខ្លះមានតម្លៃថ្លៃខ្លាំងណាស់ នោះក៏ព្រោះតែក្រុមហ៊ុនចំណាយលុយច្រើនក្នុងការធ្វើពាណិជ្ជកម្ម ហើយចំពោះពពួកផលិតផល Apple វិញ វាថ្លៃដោយសារតែក្រុមហ៊ុនចំណាយលុយច្រើនលើការសិក្សាស្រាវជ្រាវ ណាមួយទៀតឧបករណ៍នេះវាមានតែមួយ ពិបាកក្នុងការយកទូរស័ព្ទដទៃផ្សេងមកប្រើជំនួស។ សម្រាប់ខ្ញុំវិញ ខ្ញុំមានទំនោរជ្រើសរើសយកទូរស័ព្ទម៉ាកណាដែលមានគុណភាពខ្ពស់ តែមានតម្លៃធូរថ្លៃវិញ ព្រោះអីក្រុមហ៊ុនទាំងនោះមិនសូវបានខ្ជះខ្ជាយប្រាក់ទៅលើការធ្វើពាណិជ្ជកម្ម និងចំណាយអត់បានការផ្សេងៗទៀត។


0 comments:
Post a Comment