នៅមិនទាន់មានឱកាសចេញមុខក្នុងកម្មវិធីថតទុកនៅលើកញ្ចក់ទូរទស្សន៍ETV ផង តារាសម្ដែងស្រីល្បីឈ្មោះ មាន សូនីតា បែរជាខ្វល់រឿងរត់ចោលតំណែងជាពិធីការិនីកណ្ដាលទីទៅវិញ។ យ៉ាងណាក៏ដោយ នាងបានបង្ហាញឆន្ទៈតស៊ូដល់ទីបំផុត មិនឲ្យការងារទាំងមូលរបូតចេញដោយងាយៗ ជាលើកទី២ដូចនៅប៉ុស្ដិ៍លេខ៥ទេ ។
តារារូបនេះ និយាយថា នៅដើមខែមេសាខាងមុខ កម្មវិធីរបស់នាងចំនួន៣ នឹងដំណើរការចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍ETV តាមការគ្រោងទុក ។ កម្មវិធីដែលនាងរំពឹងអាចជួយឲ្យនាងលេចធ្លោរជាងគេគឺកម្មវិធី Morning ETV ដែលមានអ្នកនាង សុខ សោម៉ាវត្តី និងលោកចាប ចៀន ធ្វើជាពិធីការិនី និងពិធីកររួមជាមួយ ។ កម្មវិធីនេះនឹងចាក់ផ្សាយពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ វេលាម៉ោង៦កន្លះដល់៧កន្លះព្រឹក គឺចាក់ផ្សាយរាល់ថ្ងៃតែម្ដង ទើបជាហេតុផលដែលធ្វើឲ្យនាងបារម្ភរឿងពេលវេលាថតទុក ។
មាន សូនីតា លើកឡើងក្នុងកិច្ចសម្ភាសន៍ថា «ខ្ញុំចូលETV ហ្នឹង ទើបតែបានថតកម្មវិធីខ្លះទុកទេ ហើយក៏អត់ទាន់ចាក់ផ្សាយដែរ ទើបចេះតែមិនទាន់ច្បាស់សោះ ថាអាចទទួលការងារហ្នឹងបានឬមិនបាន»។ កញ្ញាថា ហេតុផលដែលនាំឲ្យមានបញ្ហាស្ទាក់ស្ទើរ គឺបណ្ដាលមកពីការងារត្រូវថតភាគច្រើនក្នុងមួយសប្ដាហ៍ ស្របគ្នាដែលក្រុមការងារក៏ពិបាកណាត់គ្នា។
តារារូបនេះបន្តថា « កម្មវិធី Morning ETV ហ្នឹង ពិធីករមានខ្ញុំ មានសុខ សោម៉ាវត្តី និងលោកពូចាប ចៀន ហើយពួកគាត់ និងខ្ញុំរកពេលត្រូវគ្នាពិបាកមែនទែន ពេលខ្ញុំទំនេរ គាត់រវល់ ពេលពួកគាត់ទំនេរ ចំតែខ្ញុំរវល់ ទើបខ្ញុំចេះតែគិតថា មិនដឹងបានប៉ុន្មានរត់ចោលETVទៀតទេ» ។
ការបោះជំហានធ្វើជាពិធីការិនីរបស់ មាន សូនីតា គឺជាការបើកទំព័រមួយថ្មី បន្ទាប់ពីនាងបានបោះបង់អាជីពនេះ ចាប់តាំងពីបានសុំឈប់ពីប៉ុស្ដិ៍លេខ៥អស់រយៈពេលយូរឆ្នាំ ។ មាន សូនីតា បញ្ជាក់ថា «ETV គាត់ផ្ដល់តំណែងឲ្យខ្ញុំ ។ ខ្ញុំពិតជាសប្បាយចិត្តមែនទែន ប៉ុន្តែខ្លាចតែខ្ញុំរកពេលឲ្យគាត់មិនកើត ហើយត្រូវរត់ចោលកណ្ដាលទីទៀតទេ បើខ្ញុំឥឡូវរវល់រកពេលទំនេរណាមួយឲ្យច្បាស់លាស់ឲ្យគាត់អត់បានផងហ្នឹង»។

កញ្ញាថា ការបែងចែកពេលវេលាដោយលំបាកនោះ ពាក់ព័ន្ធនឹងការងាររៀនសូត្រ ការងារចេញសម្ដែង និងការងារថតម៉ូដដែលមានតម្លៃខ្ពស់នោះតែម្ដង ។ យ៉ាងណាក៏ដោយ នាងប្ដេជ្ញាថារក្សាឱកាសនៅ ETV ឲ្យអស់ពីសមត្ថភាព បើទោះជាពិធីការិនី គឺជាអាជីពដែលនាងមិនសូវមានចំណូលចិត្តខ្ពស់ ដូចការងារសម្ដែង និងថតម៉ូដ ដែលជួយឲ្យនាងលេចធ្លោរ ។
តារារូបនេះឲ្យដឹងថា «ការពិតការអត្ថាធិប្បាយតាមទូរទស្សន៍ខ្ញុំមិនសូវពូកែទេ ទើបកន្លងមកចេះតែគេចៗអត់ហ៊ានទទួល តាំងពីខ្ញុំបាត់មុខពីប៉ុស្ដិ៍លេខ៥! ខ្ញុំគិតដែរហ្នឹងណា បើខ្ញុំរត់ចោលឥឡូវ ប្រាកដជាមានគេនិយាយទៀតហើយ ថាខ្ញុំត្រូវETV បណ្ដេញចេញដូចកាលឈប់ពីប៉ុស្ដិ៍លេខ៥ ទើបកំពុងលៃពេលឡើងចង់ឈឺក្បាល តែបើខាងProducer (អ្នកផលិតកម្មវិធី) ជួយសម្រួលពេលវេលាប្រហែលជានៅបានយូរតិច» ។
លោក គង់ វិសាល អ្នកគ្រប់គ្រងកម្មវិធីនៅETV ជំនួសឲ្យលោក គួច ខេវិន ដែលបានរបូតកៅអី មិនអាចសុំការបញ្ជាក់ពាក់ព័ន្ធនឹងក្ដីបារម្ភរបស់ មាន សូនីតា បានទេ ។ ETV ត្រូវបានសរសើរថា បានក្លាយជាស្ថាប័នដំបូងមួយ ដែលអាចកន្ត្រាក់យកនាងឲ្យកាន់មុខតំណែងជាពិធីការិនីបាន ចាប់តាំងពីបានលាឈប់ពីស្ថាប័នចាស់ ក្នុងពេលដែលស្ថាប័នទូរទស្សន៍ច្រើនរួចមកហើយ ស្នើឲ្យនាងចេញមុខកាន់កម្មវិធី តែត្រូវបាននាងបដិសេធ ។ មាន សូនីតា និយាយថា ជំហានចូល ETV មិនមែនដោយសារតែរើសអើងស្ថាប័នដែលទាក់ទងផ្សេងនោះទេ ពោលគឺដោយសារតែពេលវេលាហុចឲ្យប៉ុណ្ណោះ។ ប៉ុន្តែកាលៈទេសៈទាំងមូល ក៏ធ្វើឲ្យនាងកាន់តែពិបាកផងដែរ ពិសេសនៅក្រោយចូលឆ្នាំខាងមុខ ដែលនាងត្រូវចេញថតរឿងថ្មីឲ្យ MY TV ដែលបានទទួលកុងត្រាតាំងពីយូរនោះ៕
0 comments:
Post a Comment