ក្នុងនាមយើងជាអ្នកប្រើប្រាស់ស្មាតហ្វូនម្នាក់ យើងគប្បីគួរតែយល់ដឹងពីការប្រើប្រាស់ និងសមត្ថភាពរបស់ស្មាតហ្វូនរបស់យើងកំពុងតែប្រើប្រាស់នោះឲ្យបានជាក់លាក់ ទើបការប្រើប្រាស់របស់យើងកាន់តែរលូន និងសំរួលនៅពេលដែលយើងចាំបាច់ប្រើប្រាស់មុខងារណាមួយរបស់វា។
ពេលនេះ យើងលើកពីគន្លឹះចំនួន 11 ដែលទាក់ទងនិងការប្រើប្រាស់មុខងារកាមេរ៉ារបស់ iPhone ដែលលោកអ្នកគួរយល់ដឹង និងអាចយកគន្លឹះទាំងនេះទៅប្រើប្រាស់ ដើម្បីសំរួល និងធ្វើការថតរូបដោយ iPhone របស់អ្នកកាន់តែគ្មានចំនុចទាស់ ដូចនេះសូមស្វែងយល់ទាំងអស់គ្នានៅខាងក្រោម៖
- ប្រើប្រាស់ iPhone Camera shortcut
សំរាប់ Shortcut នេះមានស្រាប់រួចទៅហើយនៅលើផ្ទៃ Lockscreen ដែលមាននៅជ្រុងខាងស្តាំផ្នែកខាងក្រោម ដោយអ្នកគ្រាន់តែអូសឡើងលើ ដើម្បីងាយស្រួលចូលទៅមុខងារកាមេរ៉ាបានភ្លាម និងរហ័ស ឆាប់បានថតរូបភាព។
- ដោនឡូដកម្មវិធីកាមេរ៉ាផ្សេងមកប្រើ
ដោយសារមុខងារកាមេរ៉ាដើមរបស់ iPhone មានការកំណត់ដោយស្វ័យប្រវត្តិស្រាប់ ដូចនេះមានមុខងារខ្លះត្រូវតម្រូវឲ្យអ្នកប្រើប្រាស់ដោនឡូដកម្មវិធីមកបន្ថែម ដើម្បីកែតម្រូវថតរូបភាពឲ្យកាន់តែល្អឥតខ្ចោះ។
- កំណត់ទិសដៅ និងទីតាំង
អ្នកអាចប្រើប្រាស់មុខងារផ្សេងៗដែលមាននៅក្នុងមុខងារកាមេរ៉ានេះ និងជ្រើសរើសយកទីតាំង ឬប្លង់ណាដែលអ្នកគិតថាស្រស់ស្អាត តែកុំភ្លេចគិតដល់ភាពច្នៃប្រឌិតផង ដោយសារវាអាចធ្វើឲ្យរូបភាពដែលអ្នកថតនោះកាន់តែទាក់ទាញ។
- អ្នកអាចប្រើប្រាស់ក្រឡា
មុខងារនេះ អ្នកអាចកំណត់ក្រឡា ដើម្បីថតយករូបភាពបានត្រង់ការកំណត់ទីតាំងតាមអ្វីដែលអ្នកចង់ថតនោះបាន។ អ្នកអាចចូលទៅកាន់ Settings => Photos & Camera បន្ទាប់បើក Grid ពេលនោះចូលទៅកាន់កាមេរ៉ាវិញ អ្នកនិងឃើញក្រឡានេះ។
- បិទ Flash ពន្លឺ
អ្នកគួរងាកមកប្រើប្រាស់ ពន្លឺនៅជុំវិញខ្លួនល្អជាងការប្រើប្រាស់ពន្លឺរបស់ iPhone ដោយសារ Flash ពន្លឺរបស់ iPhone អាចបញ្ចេញពន្លឺឲ្យរូបភាពខាងមុខច្បាស់ក៏ពិតមែន ប៉ុន្តែរូបភាពដែលបានថតហើយនោះ ពោរពេញដោយពណ៌ស្លេកៗ និងផ្ទៃខាងក្រោយងងឹតមែនទែន ដូចនេះអ្នកគប្បីត្រូវប្រើប្រាស់ពន្លឺបន្ថែមនៅជុំវិញខ្លួន ល្អជាងការប្រើប្រាស់ Flash ពន្លឺរបស់ iPhone ។
- ប្រើប្រាស់ Burst Mode
នៅពេលដែលអ្នកតាមថតរូប ដែលមានចលនានោះ អ្នកអាចចុចនៅលើប៊ូតុងថតនោះឲ្យជាប់ ដូចនេះរូបដែលថតបាននោះនិងមានចំនួនច្រើន តាមរយៈពេលដែលអ្នកចុចជាប់លើប៊ូតុងថតនោះ បន្ទាប់អ្នកចូលទៅមើលរូបភាពទាំងនោះ រួចអ្នកអាចជ្រើសរើសរូបមួយណាដែលអ្នកគិតថាស្រស់ស្អាត និងពេញបាន ហើយលុបរូបដែលពេញចិត្តចោលបាន។
- បើកមុខងារ HDR
មុខងារនេះមានពាក្យពេញថា High Dynamic Range ដែលជាមុខងារមួយកំពុងពេញនិយមនាពេលបច្ចុប្បន្ននេះ ដោយអាចឲ្យអ្នកថតចាប់យករូបណាមួយនៅពេលបញ្រ្ចាស់ថ្ងៃក៏នៅតែច្បាស់ល្អ ហើយអ្នកអាចដាក់មុខងារនេះជា Auto បាន ដោយវានឹងកំណត់ដោយស្វ័យប្រវត្តិនៅពេលជួបស្ថានភាពបែបនោះ។
- អ្នកអាច Lock Focus
មុខងារនេះមានអ្នកប្រើប្រាស់មួយភាគតូចដែលមិនដែលស្គាល់សោះ មុខងារនេះអាចឲ្យអ្នក Lock នៅចំនុចណាមួយដើម្បីឲ្យចំនុចនោះច្បាស់រហូត ទោះបីជារង្គើរបន្តិចក៏ដោយ ដោយអ្នកអាចចុចនៅលើចំនុចណាមួយឲ្យជាប់មួយសន្ទុះដើម្បីបើកមុខងារនេះ រួចអ្នកអាចចំនុចផ្សេង ដើម្បីបិទមុខងារនេះវិញ។
- អ្នកអាចកំណត់ពន្លឺ
អ្នកអាចកំណត់ពន្លឺរូបភាព (Exposure) ដោយគ្រាន់តែអូសនៅលើអេក្រង់ក្នុងមុខងារកាមេរ៉ាឡើងលើ សំរាប់បន្ថែមពន្លឺ ឬចុះក្រោមដើម្បីបន្ថយពន្លឺ ដូចនេះអ្នកអាចប្រើប្រាស់កំណត់ពន្លឺបានដោយខ្លួនឯង អាស្រ័យតាមចំណង់ចំនូលរបស់អ្នក។
- ប្រើប្រាស់ការថតដោយចុចប៊ូតុងកំណត់សំលេង
សំរាប់អ្នកប្រើប្រាស់ដែលមានប្រអប់ដៃធំជាង iPhone ឬពីចុចលើប៊ូតុងនៅលើអេក្រង់ នៅពេលថត Selfie នោះ អ្នកអាចប្រើប្រាស់ប៊ូតុងកំណត់សំលេងបានដែលនៅផ្នែកខាងស្តាំនៃស្មាតហ្វូននេះ ដើម្បីមានភាពងាយស្រួលថតយករូបភាព។
- អ្នកអាចប្រើប្រាស់កាស
អ្នកអាចប្រើប្រាស់កាសដោយគ្រាន់តែដោតជាប់ជាមួយ iPhone រួចចូលទៅកាន់មុខងារកាមេរ៉ា រួចចុចនៅលើប៊ូតុងកណ្តាលរបស់កាស អ្នកនិងអាចថតយករូបភាពបានភ្លាម ដោយពុំចាំបាច់ចុចប៊ូតុងលើស្មាតហ្វូននេះ។
គន្លឹះទាំង 11 នឹងអាចជួយសំរួលដល់អ្នកបាន ជាពិសេសសំរាប់មិត្តអ្នកអានដែលមិនទាន់បានដឹងពីគន្លឹះទាំងនេះអាចសាកល្បងបាន ដើម្បីបង្កើនចំណេះ និងងាយស្រួលនៅពេលថតរូប ចំនែកមិត្តអ្នកអានដែលដឹងពីការប្រើប្រាស់នេះហើយ គួរជួយចែករំលែកដល់អ្នកដែលមិនទាន់ដឹងផង ជាជាងការលាក់ទុក យល់ដឹងតែម្នាក់ឯង រួចបន្ទុះបង្អាប់លើអ្នកប្រើដែលមិនទាន់ដឹង។ សូមអរគុណ











0 comments:
Post a Comment